Breaking News

Friday, February 08, 2013

ឆ្នាំ​ម្សាញ់​​ឆុង​នឹង​​ឆ្នាំ​ណា​​​ខ្លះ?


ឆ្នាំ​​​រោង​​នឹង​ជំនួស​​ដោយ​​ឆ្នាំ​ម្សាញ់​ (ពស់) ធាតុ​ទឹក​ ​ដែល​មាន​​ទេវតា​ឈ្មោះ​​ ស៊ី ស៊ុន ​​ក្នុង​ពេល​ឆាប់​ៗ​​​នេះ។ ​​​​​​​បើ​តាម​ហោរា​ចិន​ បាន​ឲ្យ​ដឹង​ថា ​សត្វ​ពស់​​នេះ​ មក​ពី​​​ទន្លេ​ទឹក​សាប​​ សម្រាប់​កម្ពុជា ​អាច​មាន​កន្លែង​ខ្លះ រាំងស្ងួត ខ្លះ​ទៀត​ទឹក​ជំនន់​ ប៉ុន្តែ​ចំពោះ​សន្តិសុខ​សង្គម​មិន​មាន​បញ្ហា​អ្វី​ទេ ។
លោក​គ្រូ ចាំង ហាំឡុង វ័យ​ ៦៤​ឆ្នាំ​ ហោរា​​ទស្សន៍​ទាយ​តាម​ក្បួន​ចិន​ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​ម្សាញ់​នេះ ឆុង​ខ្លាំង​ជាង​គេ​អ្នក​ មាន​​ធាតុ​ភ្លើង​ ​ពិសេស​អ្នក​កើត​​ឆ្នាំ​ខាល ​(ខ្លា) គឺ សារ​ឆុង​ ​​ឆ្នាំ​កុរ (ជ្រូក​) ឡាក់​ឆុង​ ​និង​​ឆ្នាំ​ម្សាញ់​ជាន់​ឆ្នាំ​។ ដូច្នេះ​​តាម​ទំនាយ​របស់​លោក​​គ្រូ​​ បាន​ឲ្យដឹង​ថា​ ​អ្នក​កើត​ឆ្នាំ​ទាំង​បី​ សូម​កុំ​ទៅ​ការដ្ឋាន​សាងសង់​ ចូលរួម​បុណ្យ​សព កុំ​មើល​គេ​សែន​​​​អាពាហ៍ពិពាហ៍​ និង​កុំ​ចូល​ជួយ​រៀប​គ្រែ​បន្ទប់​កូន​កំលោះ​ក្រមុំ​ផ្សំ​ដំណេក ប្រយ័ត្ន​មាន​គ្រោះថ្នាក់​។
លោក​គ្រូ ​ក៏​សូម​ផ្ដាំផ្ញើ​ដល់​អ្នក​កើត​ ឆ្នាំ​កុរ ​ឆ្នាំ​ខាល​ ​និង​​ឆ្នាំ​ម្សាញ់ ​​​សូម​ប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍​ ​។សម្រាប់​អ្នក​កើត​ឆ្នាំ​កុរ​ ​​អាយុ​ ១​៩​ឆ្នាំ និង​ឆ្នាំ​ម្សាញ់​ អាយុ​ ៤៨​ឆ្នាំ​​ ឆុង​ខ្លាំង​ជាង​គេ​ទាំង​អស់​ ចំណែក​ឯ​អ្នក​កើត​ឆ្នាំ​ខាល​អាយុ​ ៦៨ និង​ ២៨​ឆ្នាំ​ ប្រយ័ត្ន​បញ្ហា​សុខភាព​។
​លោក​គ្រូ​ បាន​​បង្ហើប​​ពី​ពិធី​​​​បញ្ចៀស​ឆុង​​ផង​ដែរ​ថា​ ​បងប្អូន​អាច​ ទៅ​យក​សាច់​ជ្រូក ​៣​ជាន់​ ១​ខាំ និង​ពង​មាន់​​ទៅ​ថ្វាយ​តាម​កន្លែង​អ្នក​តា មួយ​ចំនួន​ ដូចជា​អ្នក​តា​ប្រចៅ​នៅ​លើ​វត្ត​ភ្នំ​ អ្នក​តា​ចិន​នៅ​តាខ្មៅ និង​​អ្នក​តា​នៅ​ក្បែរ​ស្តាត​អូឡាំពិក​ ដោយ​យក​សាច់​ជ្រូក​ដាក់​នៅ​ក្នុង​មាត់​ខ្លា និង​គោះ​ពង​មាន់​បំបែក​ ដើម្បី​កាត់​ឆុង​ចេញ​។ ម្យ៉ាង​ទៀត​ អាច​យក​ស្លឹក​​​ទទឹម​​​លាយ​ទឹក​មុជ​ក៏​បាន​។
ឆ្នាំ​ដែល​រាសី​ឡើង​ សម​ប្រកប (​យី​អ៊ុន​ឡើង​ខ្ពស់) ​ក្នុង​ឆ្នាំ​ម្សាញ់​នេះ គឺឆ្នាំ​ រកា វក ជូត ឆ្លូវ​ ​​​និង​ឆ្នាំរោង។ ចំពោះ​​​ឆ្នាំ​​រកា ចូរ​​ប្រយ័ត្ន​នៅ​ខែ​មីនា ​​មិថុនា ​​និង​កញ្ញា រាសី​មិន​សូវ​ល្អ​ទេ ​​អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍៕

Source : Sabay
Copyright C.A.U.G 2014 Blogger Templates